ក្រុមកាកបាទក្រហមកម្ពុជា ឃុំ ២០នាក់ និង អ្នកស្ម័គ្រចិត្ត ចំនួន ៣៨នាក់ ទទួលវគ្គបណ្តុះបណ្តាល

ក្រុមកាកបាទក្រហមកម្ពុជាឃុំ២០នាក់ និងអ្នកស្ម័គ្រចិត្តចំនួន៣៨នាក់ នៃឃុំចំនួននៅក្នុងស្រុកក្រូចឆ្មារ បានទទួលការបណ្ដុះបណ្ដាលគោលការណ៍គ្រឹះ និងវិជ្ជាសង្រ្គោះបឋមពីសាខាកាកបាទ ក្រហមកម្ពុជាខេត្តត្បូងឃ្មុំ។
នៅរយ:ពេល២ថ្ងៃ ដោយចាប់គិតពីថ្ងៃព្រហស្បតិ៍ ទី០៤ ដល់ថ្ងៃសុក្រ ទី០៥ ខែសីហា ឆ្នាំ២០២២ លោក ហ៊ឹម ហ៊ុន នាយករងសាខាកាកបាទក្រហមកម្ពុជា ខេត្តត្បូងឃ្មុំ បានដឹកនាំក្រុមគ្រូបង្គោលរបស់សាខា ចុះទៅបើកវគ្គជាមូលដ្ឋានដល់ក្រុម កក្រក ឃុំ ចំនួន៤ឃុំ មានមូលដ្ឋានដូចខាងក្រោម ÷
     - នៅថ្ងៃព្រហស្បតិ៍ ទី០៤ ខែ សីហា  ឆ្នាំ២០២២ សាខាបានបណ្ដុះបណ្ដាល់ដល់ក្រុម កក្រក ឃុំជីនីក ចំនួន០៥នាក់ និងអ្នកស្ម័គ្រចិត្តភូមិចំនួន០៨នាក់ ក្នុងនោះស្រី៤នាក់
       - នៅថ្ងៃព្រហស្បតិ៍ ទី០៤ ខែសីហា ឆ្នាំ២០២២ សាខាបានបណ្ដុះបណ្ដាល់ដល់ក្រុម កក្រក ឃុំរកាខ្នុរ ចំនួន០៥នាក់ ក្នុងនោះស្រី១នាក់ និងអ្នកស្ម័គ្រចិត្តភូមិចំនួន១៤នាក់ ក្នុងនោះស្រី៧នាក់
       - នៅថ្ងៃសុក្រ ទី០៥ ខែសីហា ឆ្នាំ២០២២ សាខាបានបណ្ដុះបណ្ដាល់ដល់ក្រុម កក្រក ឃុំប៉ើស១ ចំនួន០៥នាក់ ក្នុងនោះស្រី១នាក់ និងអ្នកស្ម័គ្រចិត្តភូមិចំនួន០៨នាក់ ក្នុងនោះស្រី៤នាក់
      - នៅថ្ងៃសុក្រ ទី០៥ ខែសីហា ឆ្នាំ២០២២ សាខាបានបណ្ដុះបណ្ដាល់ដល់ក្រុម កក្រក ឃុំប៉ើស២ ចំនួន០៥នាក់ ក្នុងនោះស្រី២នាក់ និងអ្នកស្ម័គ្រចិត្តភូមិចំនួន០៨នាក់ ក្នុងនោះស្រី៤នាក់
នៅក្នុងឱកាសនោះដែរ លោកនាយករងបានលើកឡើងថា ការបើកវគ្គនាពេលនេះគោលបំណងដើម្បីពង្រឹង និងពង្រីកសមត្ថភាពរបស់ក្រុមការងារឃុំ ឱ្យបានកាន់តែប្រសើរ ទៅតាមគោលការណ៍នយោបាយរបស់កាកបាទក្រហមកម្ពុជា ដែលក្រុមកាកបាទក្រហមកម្ពុជាឃុំ និងអ្នកស្ម័គ្រចិត្ត ឱ្យបានកាន់តែយល់ច្បាស់ពីតម្លៃរបស់គោលការណ៍គ្រឹះទាំង៧នៃចលនាដែលត្រូវនាំគ្នាអនុវត្តទាំងអស់គ្នានៅក្នុងមូលដ្ឋាននីមួយៗ។ មិនតែប៉ុណ្ណោះនៅក្នុងវគ្គនេះទៀតសោតក៏មានបន្ថែមនូវវិជ្ជាសង្គ្រោះបឋម ដែលជាវិជ្ជាមួយដ៏មានសារសំខាន់សម្រាប់ក្នុងគ្រួសារនីមួយៗត្រូវតែចេះប្រើប្រាស់ និងយល់ពីកិច្ចការនេះ ព្រោះវាជាវិជ្ជាមួយដែលអាចជួយកាត់បន្ថយភាពងាយរងគ្រោះដល់អាយុជិវិតឬចំណាយផ្សេងៗបាននៅក្នុងបរិបទកូវីដ១៩ នេះ។ ជាមួយគ្នានោះដែរ លោកក៏បានធ្វើការផ្តាំផ្ញើដល់ការងាររបស់កាកបាទក្រហមឃុំ និងអ្នកស្ម័គ្រចិត្តទាំងអស់គ្នាថា ទោះបីជានៅក្នុងមូលដ្ឋានបានចាក់វ៉ាក់សាំងជម្រុញហើយក្តី  ក៏ត្រូវខិតខំចូលរួមអនុវត្ត និងផ្សព្វផ្សាយបន្តនូវ ៣ការពារ ៣កុំទៅតាមការអប់រំណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានជាប់ជាប្រចាំដើម្បីចូលរួមការពារ ទប់ស្កាត់មេរោគកូវីដ១៩ ឱ្យបានគ្រប់ៗគ្នា៕